រាជរដ្ឋាភិបាលកម្ពុជាបានជួយស​ង្គ្រោះ​ពលករកម្ពុជាប្រមាណ ១០៣​០​០​០នាក់ ក្នុងនោះមានស្ត្រីប្រមាណ ៤​៥​ភាគរយ ត្រូវបានអា​ជ្ញាធ​រជួយ​ស​ង្គ្រោះ​

រាជធានីភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានជួយសង្គ្រោះពលករជាង១០ម៉ឺននាក់ ខណៈដែលបណ្ដាប្រទេសគោលដៅកំពុងរឹតបន្តឹ​ង ដើម្បីកាត់ទប់ស្កាត់ជំងឺកូវីដ-១៩។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ​ជួ​ញដូរមនុស្ស (គ.ជ.ប.ជ) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ ខែមីនា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩ មានពលករកម្ពុជាប្រមាណ ១០៣០០០នាក់ ក្នុងនោះមានស្ត្រីប្រមាណ ៤៥ភាគរយ ត្រូវបានអាជ្ញាធរជួ​យ​ស​ង្គ្រោះ។


ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពី «កតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ ប្រកបដោ​យ​សុ​វត្ថិភាពរៀបរយ និងស្របច្បាប់ » នៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះ សម្តេចក្រឡាហោម បានបញ្ជាក់ថា អាជ្ញាធរបាននឹងកំពុ​ងទទួលសង្គ្រោះពលករដែលត្រឡប់មកវិញដែលព្យាយាមឆ្លងដែនដោយខុសច្បាប់ និងតាមច្រកមិនផ្លូវការ ដែលគេចវេះពីស្ថាន​ភាពលំបាកក្នុងប្រទេសគោលដៅគឺជាកិច្ចការដ៏ចាំបាច់យ៉ាងខ្លាំងក្លាពីប្រទេសដើម និងប្រទេសគោលដៅ ។
សម្តេចក្រឡាហោម ស ខេង បញ្ជាក់ថា ជនទេសន្តរប្រវេសន៍ភាគច្រើនដែលគ្មានជំនាញ និងមិនស្របច្បាប់ច្រើនស្ថិតនៅក្នុង​ស្ថា​ន​ភាពលំបាក និងរងគ្រោះច្រើនជាងអ្នកដែលមានការបញ្ជូនដោយស្របច្បាប់។
ជនទេសន្តរប្រវេសន៍ដែលចាកចេញដោយប្រថុយប្រថានតែងត្រូវបានជនឆ្លៀតឱកាសកេងប្រវ័ញ្ចយកចំណេញពីស្ថានភាពទាល់ច្រករបស់អ្នកទាំងនោះ ដោយធ្វើការជួញដូរ រំលោភបំពាន តាមបែបទេសភាព ធ្វើឱ្យជនរងគ្រោះធ្លាក់ខ្លួនជាជនជរា ពិការ រង្វេ​ង​ស្មារតី បាត់បង់ភាពជាមនុស្ស ឬរហូតដល់បាត់បង់ជីវិតថែមទៀតផងដែរ។
សូមជម្រាបថា ការជួយសង្គ្រោះពលករជាង១០ម៉ឺននាក់ក្នុងកំឡុងពេលជំងឺកូវីដ-១៩នេះ គឺស្របទៅនឹងកតិកាសញ្ញាពិភពលោ​ក​សម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាប្រកខណ្ឌទូលំទូលាយទីមួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តតាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានប្រារព្ធឡើងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨មានសមាជិកចូលរួមចំនួន១៥២ប្រទេស៕