ឯកឧត្តម កែវ រតនៈ អគ្គនាយក អ​គ្គិ​​​​សនីកម្ពុជា រួមដំណើរជាមួយមន្ត្រី​ខេ​ត្តកណ្តាល ចុះពិនិត្យវឌ្ឍនភាពនៃ​​​ការសាងសង់រោងចក្រអគ្គីសនី មា​​​នអនុភាព ៤០០មេហ្គាវ៉ាត់ និងអ​នុស្ថានីយអគ្គិសនីមួយកន្លែងទៀត កម្លាំង ២៣០គីឡូវ៉ុល

ខេត្តកណ្តាល ៖ រោងចក្រអគ្គិសនីកម្លាំង៤០០ម៉េហ្គាវ៉ាត់ ដើរដោយប្រេងខ្មៅ និងឧស្ម័ន និងអនុស្ថានីយអគ្គិសនី មួយកន្លែងទៀត មានកម្លាំង២៣០គីឡូវ៉ុល ស្ថិតនៅឃុំកោះរៈ ស្រុកល្វាឯម ខេត្តកណ្តាល  រហូតមកទល់ពេលនេះ សំរេចការសាងសង់បានប្រមាណ ៩០%ហើយ គ្រោងនិងដាក់ ឲ្យដំណើការនៅចុងខែសីហាឆ្នាំ២០២០ ខាងមុខនេះ។

នេះបើតាមការឲ្យដឹង ពីឯកឧត្តម កែវ រតនៈ  រដ្ឋមន្ត្រីប្រតិភូ  អមនាយករដ្ឋមន្ត្រី  និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអ​គ្គ​នាយក អគ្គិសនីកម្ពុជា ក្នុងឱកាសដែលឯកឧត្តម  រួមដំណើរជាមួយ  ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និ​ង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះពិនិត្យវឌ្ឍនភាព  នៃការសាងសង់រោងចក្រអគ្គីសនី ដើរដោយប្រេងខ្មៅ ឧស្ម័ន និងហ្គាស មានអនុភាព ៤០០មេហ្គាវ៉ាត់ និងអនុស្ថានីយអគ្គិសនីមួយកន្លែងទៀត  កម្លាំង២៣០គីឡូវ៉ុល កា​លពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

គួរបញ្ជាក់ថា៖ សមិទ្ធិផលដ៏ធំធេងដែលបានផុសឡើងក្រោមការដឹកនាំប្រកបដោយ  គតិ្តបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសទឹកដី ភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ជាទីតាំងដ៏ល្អបំផុត សម្រាប់សាងសង់រោងចក្រអគ្គីសនីនេះឡើង ដោយចាប់ដំណើរការសាងសង់ តាំងពីដើមខែតុលាឆ្នាំ២០១៩មកម៉េ្លះ។

គួររំលឹកថា៖    រោងចក្រអគ្គិសនីកម្លាំង៤០០ម៉េហ្គាវ៉ាត់នេះ  ចំណាយថវិកា សាងសង់  ប្រមាណ៣៥០លានដុល្លារ ក្នុងនោះ រាជរដ្ឋាភិបាល បានបញ្ជាទិញ ម៉ាសុីនភ្លើង កម្លាំង២០០មេហ្គាវ៉ាត់   ពីប្រទេសហ្វាំងឡង់ ចំណាយទឹកប្រាក់ក្នុងរង្វង់ ១៧៧,៥លានដុល្លារ  និងបញ្ជាទិញពីប្រទេសអាល្លឺម៉ង់  មានអនុភាព២០០មេហ្គាវ៉ាត់  ចំណាយទឹកប្រាក់ក្នុងរង្វង់ ១៨០លានដុល្លារ អាមេរិក   ហើយម៉ាស៊ីនទាំង២នេះ សាងសង់លើផ្ទៃដីទំហំ ៤៣ហិកតា ចែកចេញជា២អគារដោយឡែកពីគ្នាសាងសង់ដោយក្រុមហ៊ុន CHINA  NATIONAL  HEAVY MACHINERY  CORPORATION។

ឯកឧត្តម  កែវ រតនៈ ឲ្យដឹងដែរថា៖ក្រោយពេល រោងចក្រអគ្គីសនីដ៏ធំ និងថ្មីសន្លាងមួយនេះ បានដំណើរការ យើងនឹងមាន ថាមពលអគ្គីសនី គ្រប់គ្រាន់ សំរាប់ផ្គត់ផ្គង់ដល់ រាជធានីភ្នំពេញនិងមួយផ្អែកទៀត សំរាប់ផ្គត់ផ្គង់ ដល់ ខេត្តកណ្តាល។