ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​ខេ​ត្តកណ្តាល អនុញ្ញាតឱ្យនិស្សិតប្រ​ឡងជាប់អាហារូបករណ៍ទៅសិក្សានៅ​​​​​​​សាធារណរដ្ឋសង្គមនិយម​វៀត​ណា​ម ចូលជួបសំណេះសំណាល និង​ស​ម្ដែងការគួរសម

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អនុញ្ញាតអោយនិស្សិតប្រឡងជាប់អាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៥ឆ្នាំ ចំនួន០៤រូប ចូលជួបសំណេះសំណាល និងសម្ដែងការគួរសម ដែលពិធីនេះធ្វើនៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត មន្ត្រីពាក់ព័ន្ធ និងអាណាព្យាបាលរបស់សិស្ស ដើម្បីលើកទឹកចិត្ត និងផ្ដល់អនុសាសន៍ល្អសម្រាប់ពួកគាត់។

ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើដល់ប្អូនៗនិស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម នៅពេលឆាប់ៗខាងមុខនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ទទួលយកនូវយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនអោយទៅជាធនធានដ៏មានសមត្ថភាព សម្រាប់បម្រើសង្គម និងប្រទេសជាតិ ។

ឯកឧត្ដមបានបន្តថា ក្នុងពេលបច្ចុប្បន្ន មិនថាប្រទេសកម្ពុជា និងប្រទេសលើសកលលោក បាននឹងកំពុងជួបវិបត្តិនៃជំងឺរាលត្បាតជំងឺកូវិដ-១៩ ដូច្នេះសូមប្អូនៗ ដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម ត្រូវការពារខ្លួនកុំអោយឆ្លងជំងឺកូវិដ-១៩ ដោ​យ​មានអនាម័យជាប្រចាំ ហើយឯកឧត្តមក៏បានជួយឧបត្ថម្ភថវិកាដល់និស្សិតទាំង ៤រូបនូវថវិកា ក្នុងម្នាក់ ១ លានរៀលផងដែរ។

សូមបញ្ជាក់ថា និស្សិតដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម មានចំនួន ៤នាក់ ទី១ ឈ្មោះ ម៉ា សៀកមួយ ភេទស្រី មុខជំនាញ ហិរញ្ញវត្ថុធនាគារ ទី២ ឈ្មោះ ស្រ៊ុន សុវណ្ណរ័ត្ន ភេទប្រុស មុខជំនាញ IT  ទី៣ ឈ្មោះ ធឿន បញ្ញា ភេទស្រី មុខជំនាញ បច្ចេកវិទ្យាចំណីអាហារ និងទី៤ ឈ្មោះ សាស់ រក្សា ភេទស្រី មុខជំនាញ បច្ចេកវិទ្យាចំណីអាហារ និស្សិតទាំង ៤រូប ត្រូវទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល ៥ឆ្នាំ ។

គួររំលឹកដែរថា យោងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ២០១៩ និងទិសដៅការងារ ៦ខែចុងឆ្នាំ២០១៩ ភាគីខេត្តអានយ៉ាងបានឯកភាពផ្តល់អាហារូបករណ៍ចំនួន ០៦កន្លែង ដល់សិស្ស និស្សិតខេត្តកណ្តាល ដើម្បីទៅសិក្សានៅសក​លវិទ្យា​ល័​យអានយ៉ាង ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។