លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈ​ក​ម្មការទី៥ នៃព្រឹទ្ធសភា ចុះតាមដា​នឈ្វេងយល់ពីការងារអនុវត្តន៍ច្បា​ប់​​​អន្តោប្រវេសន៍ តំបន់ព្រំដែនជ្រៃធំ នៅខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរព័ត៌មាន មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្នងការនគបាលខេត្ត ដែលដឹកនាំដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅសាលាខេត្តកណ្តាល ។

បន្ទាប់ពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអាននូវសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ពាក់ព័ន្ធនឹងវិស័យនានា នៃមន្ទីរជំនាញនីមួយៗរួចមក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានមានប្រសាសន៍ថា គណៈកម្មការទី៥នៃព្រឹទ្ធសភាចុះបេសកកម្មនៅខេត្តកណ្តាលនាពេលនេះ មានគោលបំណងពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការផ្សព្វផ្សាយព័ត៌មាន សម្រាប់ជាគោលដៅ ផែនការក្នុងការអនុវត្តចុះតាមដានឈ្វេងយល់ពីការងារអនុវត្តន៍ច្បាប់ទៅតាមសមត្ថកិច្ចរបស់ខ្លួន និងចុះមើលជនបរទេស ដែលស្នាក់នៅ និងឆ្លងកាត់ច្រកទ្វារព្រំដែន និងចុះពិនិត្យការអនុវត្តច្បាប់អន្តោប្រវេសន៍ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅក្នុងខេត្ត ។

លោកជំទាវ បានលើកឡើងថា គណៈកម្មការទី៥ នៃព្រឹទ្ធសភា ជាសភាជាន់ខ្ពស់ មានតួនាទីសម្របសម្រួល ជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងច្បាប់ដែលបានដាក់ឱ្យខេត្តនីមួយៗអនុវត្តន៍ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ទីរជំនាញនៃខេត្តនីមួយៗពង្រឹងសមត្ថភាពមន្រ្តីរបស់ខ្លួនទៅតាមតួនាទីភារៈកិច្ច និងមុខតំណែង ក្នុងការអនុវត្តការងារអង្គភាព ប្រកបដោយប្រសិទ្ធភាព តម្លាភាព សំដៅបង្កើននូវសេដ្ឋកិច្ចគ្រួសារក្នុងការលើកកម្ពស់ជីវភាពឱ្យបានកាន់តែល្អ ។ ជាពិសេសដើម្បីកសាងអភិវឌ្ឍន៍ក្នុងមូលដ្ឋានផ្ទាល់ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅប្រទេសមួយដែលមានរីកចម្រើនលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះលោកជំទាវ ក៏បានស្នើរដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកណ្តាល ត្រូវជំរុញមន្ទីរជំនាញដែលជាប់ពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ពិនិត្យមើលជនអន្តោប្រវេសន៍ ឆ្លងកាត់ព្រំដែនកម្ពុជានិងវៀតណាម ឱ្យបានជានិច្ចដើម្បីងាយគ្រប់គ្រងទិន្ន័ យ និងសភាពការណ៍ថ្មីដែលកើតមានឡើងនៅនឹងកន្លែង ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ជាពិសេសត្រូវដាក់គ្រូពេទ្យជំនាញពិនិត្យមើលជនបរទេសឆ្លងដែន ជាប្រចាំក្នុងការការពានិងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកើតមានថ្មីៗនេះ។

ជាមួយគ្នានោះ លោកជំទាវ ទី បូរ៉ាស៊ី បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លូន ដែលនឹងធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។ នៅថ្ងៃដដែលនេះដែរ លោកជំទាវ ទី បូរ៉ាស៊ី ក៏បានដឹកនាំគណៈប្រតិភូ រួមមាន ប្រតិភូអមដំណើរលោកជំទាវព្រឹទ្ធ សភា អភិបាលរងខេត្តកណ្តាល ស្នងការនគរបាលខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ សាលាខេត្តកណ្តាល សរុបប្រមាណ ៤០នាក់ ចុះមកពិនិត្យខ្សែបន្ទាត់ព្រំដែនខេត្តកណ្តាល ចំណុចបង្គោលទីតាំងចាស់ (បង្គោល៩៤) ពិនិត្យប៉ុស្តិ៍ច្រកទ្វារអន្តរជាតិជ្រៃធំ និងប៉ុស្តិ៍នគរបាលការពារព្រំដែនជ្រៃធំ ចំណុចបាក់ច្រាំងតាមព្រែកជ្រៃធំ៕