សម្តេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ច ប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំនោះសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មូលហេតុ​ដែលមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេស​ន៍​សា​រជាថ្មីនេះ គឺដោយសារតែច្បាប់ដែលយើង​មាននោះ (តាំងពីឆ្នាំ១៩៩៤) នៅមានចំណុចខ្វះខាត ហើយការអនុវត្តច្បាប់ដែលមាន​​ស្រាប់​កន្លងមក ក៏ជួបនូវបញ្ហាប្រឈមមួយចំនួន ដែលចាំបាច់ត្រូវមានការគិតគូរ​ឡើង​វិញ។ សម្ដេចក្រឡាហោមបានលើកឡើង​ថា ដោយមើលឃើញពីភាពចាំបាច់នៃការ​ធ្វើ​វិសោធនកម្មច្បាប់នេះ ក្រសួងមហាផ្ទៃ បានស្នើសុំគោលការណ៍ពីប្រមុខរាជរ​ដ្ឋា​ភិ​បាល ដើម្បីអនុញ្ញាតឱ្យមានការរៀបចំច្បាប់ស្ដីពីអន្តោប្រវេសន៍នេះជាថ្មី ក៏ដូចជាស្នើសុំឱ្យមាន កិច្ចប្រជុំជាមួយម​ន្ត្រីពី​ស្ថា​ប័​ន​ពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែមពីក្រសួង ស្ថាប័នពាក់ ព័ន្ធ ធ្វើយ៉ាងណាឱ្យច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមាន​សត្យានុម័តក្នុងការ អនុវត្តសម្រាប់បម្រើផលប្រយោជន៍ប្រទេសជាតិទាំងមូល។ សម្ដេចក្រឡាហោ​មបានបន្ត​ថា កន្លងមកការអនុវត្តច្បាប់ និងការគ្រប់គ្រងជនបរទេសទាំងឡាយដែលចេញ-ចូលក្នុង ប្រទេសកម្ពុជា មានលក្ខណៈហ្មត់ចត់ និងប្រកប​ដោ​យភាពជោគជ័យ ដោយស្ថាប័ន និង​អង្គភាពពាក់ព័ន្ធបានខិតខំដោះស្រាយបញ្ហានានាតាមសភា​ព​កា​រណ៍ជាក់ស្ដែង ប្រកប​ដោ​យ​ការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋ។

សូមជម្រាបថា ច្បាប់ស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជា មានគោល​បំណងគ្រប់គ្រងជនបរទេសគ្រប់រូបនៅលើទឹ​ក​ដីក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់​អំពី​វិធាន និងលក្ខខណ្ឌសម្រាប់អនុវត្តន៍ចំពោះជនបរទេស ដែលចូល-ចេញ ឆ្ល​ងកាត់ និ​​​ង​ស្នាក់​នៅក្នុងព្រះរាជណាចក្រកម្ពុជា។ ជាមួយគ្នានេះ ច្បាប់នេះត្រូវអនុវត្តន៍ចំពោះជន​បរទេស​គ្រប់រូប ដែលចូល​-​ចេ​ញ ឆ្លងកាត់ និងស្នាក់ក្នុងព្រះរាជាណាចក្រកម្ពុជា៕