ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល ចូលរួមបើកវគ្គហ្វឹកហ្វឺន ព​ង្រឹ​ងសមត្ថភាពយោធាឆ្នាំ២០២០ នៅ​​តំបន់ប្រតិបត្តិការសឹករងកណ្តា​ល

ខេត្តកណ្តាល ៖ នៅថ្ងៃច័ន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ តំ​ប​ន់​ប្រតិ​ប​ត្តិ​​​ការសឹករងកណ្តាល បានបើកវគ្គហ្វឹកហ្វឺនពង្រឹងយោធា ឆ្នាំ២០២០ ដល់នាយទាហាន នាយទាហានរង ដោយមានការចូលរួមពី ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល និង លោកឧត្តមសេនីយ៍ នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ព្រមទាំងមន្ត្រីតំបន់ប្រតិបត្តិការសឹករងកណ្តាលជាច្រើរូបទៀត។

លោកឧត្តមសេនីយ៍ នៃ និយម បានថ្លែងថា អនុវត្តន៍តាមផែនការហ្វឹកហ្វឺនពង្រឹងយោធា ឆ្នាំ២០២០ របស់កងទ័ពជើងគោក និង បញ្ជាការដ្ឋានយោធភូមិភាគពិសេស និង ដោយបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភជាថវិកាបំប៉ន របស់ក្រសួងការពារជាតិ អង្គភាពបានចាប់ផ្តើមបើកវគ្គហ្វឹកហ្វឺនទៅតាមផែនការដែលបានកំណត់។

លោកឧត្តមសេនីយ៍ បានបន្តថា ក្នុងឆ្នាំ២០២០នេះ តំបន់ប្រតិបត្តិការសឹករងកណ្តាល បានបើកវគ្គហ្វឹកហ្វឺនពង្រឹងយោធាចំនួ​ន​១វគ្គ មានសិក្ខាកាមសរុបចំនួន ៦០នាក់ និងគ្រូចំនួន ១១នាក់ ក្នុងនោះគ្រូបង្គោល ចំនួន៦នាក់ គ្រូជំនួយចំនួន៥នាក់ ដែលមានរយៈពេលហ្វឹកហ្វឺនចំនួន ៩១ថ្ងៃ ដោយមិនគិតថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក។

វគ្គសិក្សាដែលយើងចាប់ផ្តើមនាពេលនេះ មានសារៈសំខាន់ណាស់ ដែលក្នុងនោះមានលំហាត់របៀប យុទ្ធវិធី បច្ចេកទេសអាវុធ ថ្មើ​ជើ​ង ឋានលេខា អប់រំចិត្តសាស្ត្រ និងបច្ចេកទេសប្រើវិទ្យុទាក់ទង។ ដោយឡែកក្នុងវគ្គនេះដែរ អង្គភាពយើងក៏បានអញ្ជើញម​ន្ត្រី​​​ជំនាញផ្នែកច្បាប់ របស់ស្នងការនគរបាលខេត្ត និងសាលាដំបូងខេត្ត ដើម្បីមកបង្រៀនអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បា​ប់​​​ស្តីពីក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីក្រមរដ្ឋប្បវេណី គឺសុទ្ធសឹងជាមេរៀនសំខាន់ៗ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ និ​ង​ព្យាយាមក្នុងការរៀនសូត្រ ដើម្បីបង្កើនចំណេះដឹង។

ក្នុងឱកាសនេះ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្តាល បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នា​ក់​ដឹកនាំ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកណ្តាល ដែលបានរៀបចំនូវ វគ្គហ្វឹកហ្វឺននេះឡើង ដែលវគ្គសិក្សានេះពិតជាមា​ន​​​សារៈសំខាន់ ព្រមទាំងរួមចំណែកក្នុងការ កសាងប្រភពធនធានមនុស្ស ក្នុងកងយោធពលខេមរៈភូមិន្ទ ដើម្បីពង្រឹងពង្រីកនូវសមត្ថភាព ការពារបូរណភាពទឹកដី និងការពារជាតិមាតុភូមិ។ វគ្គនេះ បានផ្តល់ឱ្យសិក្ខាកាមគ្រប់រូប បានយល់ច្បាស់នូវយុទ្ធវិ​ធី និងជំនាញច្បាស់លាស់ពិតប្រាកដ ។ ព្រមទាំងបានធ្វើឱ្យយោធិនតាមបណ្តាកងអង្គភាព ដែលមានភារកិច្ចទទួលខុសត្រូវ នៅ​​តាមទីតាំងឈរជើងនីមួយៗកាន់តែទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច ក្នុងបេសកកម្មជាក់ស្តែង។

ឯក​ឧត្តម អភិបាលរងខេត្តកណ្តាល ក៏បានស្នើរដល់សិក្ខាកាមទាំងអស់ប្រឹងប្រែងយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់លោកគ្រូជាយោធាចារ្យ មិនត្រូវអវត្តមានក្នុងម៉ោងរៀនសូត្រ ហើយការបើកវគ្គនេះ គឺបំប៉នស្មារតី គុណភាពការងារឱ្យមានភាពប្រសើរឡើ​ង​ ហើយក៏ដូចជា ការដកស្រង់បច្ចេកទេស ចំណេះដឹងពីអ្នកចេះច្រើន មកពន្យល់អ្នកចេះតិច ពីអ្នកចេះតិច មកពន្យល់ដល់អ្ន​ក​មិនចេះសោះ៕