លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយនារី សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងមាតា ជនជាតិភាគតិចសួយ ប្រមាណចំនួន ៤០០នាក់ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត​ ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានជួយសំណេះសំណាលជាមួយនារី សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងមាតា ជនជាតិភាគតិចសួយ ប្រមាណចំនួន ៤០០នាក់ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្នុងឱកាសនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពង់ស្ពឺ ដោយសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។លោកជំទាវបានបន្តទៀតថា ពិធីនេះរៀបចំឡើងបានដោយសារប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ដោយឡែកសម្រាប់ខេត្តកំពង់ស្ពឺ ក៏បានប្រែក្លាយពីតំបន់ដែលពោរពេញដោយសង្គ្រាម មកជាតំបន់ដែលមានការអភិឌ្ឍប្រកបដោយសក្តានុពល និងភាពទាក់ទាញ់។ ការរីកចម្រើនទាំងនេះក៏បានកើតចេញពីការចូលរួមចំណែករបស់ស្រ្តីគ្រប់លំដាប់ថ្នាក់ ហើយក្នុងនោះក៏មានស្រ្តីខេត្តកំពង់ស្ពឺផងដែរ ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់បន្ថែមទៀតរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែមាន វិសាលភាព និងប្រសិទ្ធភាព ពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា ជាពិសេសការដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយសង្គមថ្មីមួយ ដែលជាកម្មវិធីជំនួយសង្គមពិសេស ដែលមិនអចិន្ត្រៃយ៍ សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌(ក្រ-១ និងក្រ-២) ក្នុងអំឡុងពេលកូវីដ-១៩ និងការអនុវកម្មវិធីគោលនយោបាយឧបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ។

លោកជំទាវ ម៉ែន សំអន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែបន្តគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍រក្សាគម្លាត​សង្គម និងវិធានការនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៃរលកទី២ ខណៈពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជំងឺកូវីដ-១៩ នេះ។ ក្នុងឱកាសនោះដែរ លោកជំទាវក៏បានចែកអំណោយ សប្បុរសធម៌ជូនដល់ស្រ្តី និងប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមក្នុងកម្មវិធីនោះ មានជាអំណោយ សារុង១ ក្រមា១ និងថវិកា៥ម៉ឺនរៀលក្នុងម្នាក់ៗផងដែរ៕