រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកជាបណ្តោះអាសន្ន ជើងហោះហើរពី​ប្រ​ទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី មួ​យ​​​រយៈ ដោយអនុវត្តចាប់ពី ថ្ងៃទី០១ ខែសីហា នេះតទៅ

រាជធានីភ្នំពេញ ៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា​ជាណាច​ក្រ​​​​​កម្ពុជា បានឯកភាពជាគោលការណ៍ លើការផ្អាកជើងហោះហើរនេះ តបតាមសំណើរបស់ក្រសួងសុខាភិបាល ។

ការផ្អាកនេះ នឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ តទៅ ហើយវិធានការនេះគឺដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងពី​ខា​ង​ក្រៅ ដោយសារការរកឃើញករណីឆ្លងកើនឡើងខ្ពស់ ក្នុងចំណោមអ្នកដំណើរតាមជើងយន្តហោះមកពីប្រទេសទាំងពីរ។ នេះ​បើ​​​​​តាមការពន្យល់របស់ក្រសួងសុខាភិបាលនៅក្នុងលិខិតជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ។

ម៉្យាងទៀត វិធានការនេះក៏ដើម្បីបង្កើនការការពារសុខភាពជូនប្រជាពលរដ្ឋទូទាំងប្រទេស ពីព្រោះចាប់ពីខែសីហា និងខែកញ្ញានេះ​ ប្រទេសយើងនឹងមានការឈប់សម្រាក ក្នុងពិធីបុណ្យជាតិជាច្រើនថ្ងៃ ដែលតម្រូវឱ្យយើងបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងកិ​ច្ច​ការពារការចម្លងវីរុសកូវីដ-១៩ ។