អភិបាលខេត្តកណ្តាល ធ្វើការសម្រ​ប​សម្រួល និងដោះស្រាយជូនប្រជា​ព​លរដ្ឋ ជាមួយម្ចាស់អាជីវកម្មដេប៉ូខ្សាច់ និងការដឹកជញ្ជូនគ្រប់ប្រភេទ នៅអមសងខាងផ្លូវជាតិលេខ២១A ក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ បន្ទាប់ពីទទួលបានសំណូមពររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅការដឹកដី ដឹកខ្សាច់ ធ្វើអោយជ្រុះលើផ្លូវ បណ្ដាលអោ​យ​ហុយ ធ្វើអោយស្ទះចរាចរណ៍ និងបង្កជាគ្រោះថ្នាក់ចរាចរណ៍ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាលបា​ន​​​រៀបចំវេទិកាកិច្ចប្រជុំជាមួយអាជីវករធ្វើអាជីវកម្មដេប៉ូខ្សាច់ ជីករណ្ដៅដីការដឹកជញ្ជូនខ្សាច់ដី ថ្ម គ្រួស ជាមួយអ្នកលក់ដូរតា​ម​​​ចំណីផ្លូវ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយមានកា​រ​​​អញ្ជើញចូលរួមពី កងកម្លាំងទាំង៣ មន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង និងប្រជាពលរដ្ឋជាច្រើននាក់។

នៅ​ក្នុងវេទិកានេះដែរ ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិត និងធ្វើដំណើរនៅតាមផ្លូវជាតិលេខ២១A បានថ្អូញថ្អែរពីការលំ​បា​ក ក្នុងការធ្វើដំណើរ និងការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលបណ្ដាលមកពីការដឹកដី ដឹកខ្សាច់ ធ្វើអោយជ្រុះខ្សាច់ ដឹក​ខ្សា​ច់​សើ​​​ម ដឹកមិនគ្រប បើកលឿន ធ្វើអោយហុង និងបង្កគ្រោះថ្នាក់ជាញឹកញាប់។
មានប្រសាសន៍ក្នុងពីធី ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំដល់គ្រប់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពអោយ​បាននូវច្បាប់ និងសារាចរ ស្ដីពីវិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ របស់ក្រសួងរ៉ែ និងថាមពល លេខ​០​៣​១​​​០។
ឯកឧត្ដមបន្តថា ម្ចាស់អាជីកម្មទាំងអស់មិនត្រូវដឹកជញ្ជូនដី ខ្សាច់ ឱ្យហួសពីទ្រុងរថយន្តឡើយ និងត្រូវគោរពតាមបទដ្ឋាន នៃ​កា​រកំណត់កម្រិតផ្ទុករបស់រថយន្ត។ ការដឹកជញ្ជូនតាមរថយន្តតាមផ្លូវ ត្រូវមានគម្របតង់កៅស៊ូគ្របពីលើឱ្យជិត ហើយចងអោ​យ​​​ជាប់ចៀសវាងការធ្លាក់នូវថ្ម គ្រួស ខ្សាច់ និងដីជាដើម។ ត្រូវចូលរួមរក្សាផ្លូវ ដែលកំពុងប្រើប្រាស់ក្នុងការដឹកជញ្ជូន ដោយត្រូវស្រោចទឹកជាប្រចាំ ដោយមិនបង្កឱ្យមានធូលីហុយ ធ្វើឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឬអ្នកធ្វើដំណើរ។

ឯកឧត្ដមអភិបាលខេត្ត បានស្នើឱ្យមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធ ត្រូវចុះធ្វើការត្រួតពិនិត្យ លើលក្ខណៈបច្ចេកទេសរបស់ និង​អា​ជ្ញាប័ណ្ណរបស់អាជីកម្មទាំងអស់ក្នុងខេត្តកណ្ដាល ហើយក្នុងករណីដែលមានអាជីវកម្មណាដែលមិនមានលក្ខណៈបច្ចេកទេសគ្រ​ប់គ្រាន់ ត្រូវធ្វើការអប់រំ ណែនាំអោយធ្វើឱ្យត្រូវតាមបច្ចេកទេសត្រឹមត្រូវ ហើយក្នុងករណីទីតាំងរបស់អាជីកម្មមិនសមស្រប ត្រូវធ្វើការផ្លាស់ប្ដូរទីតាំងថ្មី ដើម្បីឱ្យត្រូវតាមលក្ខណៈស្តង់ដាបច្ចេកទេស៕