អភិបាលខេត្តកណ្តាល អញ្ជើញជាអ​ធិ​បតីភាពក្នុងពិធីសំណេះ​សំ​ណា​ល​សួ​រសុខទុក្ខ កងកម្លាំងការពារព្រំ​ដែ​ន​លេខ៦០១ យោធភូមិភាគពិសេស

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ឯ​​​ក​ឧត្តមឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស តំណាងដ៏​ខ្ព​ង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ព្ទជើងគោក  បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរ​សុ​ខទុក្ខ និងចងសម្ព័ន្ធមេត្រីភាព រវាងសាលាខេត្តកណ្ដាល និងក្រុមហ៊ុនហេងអភិវឌ្ឍន៍ ជាមួយកងការពារព្រំដែនលេខ៦០១ យោ​​​ធភូមិភាគពិសេស ដែលពិធីនេះធ្វើនៅទីបញ្ជាការកងការពារព្រំដែនលេខ៦០១  ស្ថិតក្នុងភូមិព្រែកហម ឃុំឈើខ្មៅ ស្រុក​កោះ​ធំ ដោយមានការចូលរួមពី ព្រមទាំង ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត នាយទា​ហា​​​ន និងពលទាហានជាង ២៦៥នាក់។

ការចងសម្ពន្ធ័មេត្រីភាពនេះគឺធ្វើឡើង ដោយអនុវត្តតាមសេចក្ដីសម្រេចលេខពិសេស ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ របស់រាជរ​ដ្ឋា​ភិបាលកម្ពុជាស្ដីពីការកែសម្រួល និងរៀបចំរចនាសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព  កងនគរបាលជាតិ ជាមួយស្ថាប័ន-អ​​​ង្គភាពស៊ីវិល។

ក្នុងពិធីនេះ លោកមេបញ្ជាការកងការពារព្រំដែន លេខ៦០១ បានសំណូមពរដល់សាលាខេត្តកណ្តាល និង ក្រុមហ៊ុនហេងអ​ភិវ​ឌ្ឍ​ន៍​ សូម រក្សាសម្ព័ន្ធមេត្រីភាព រវាង កងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស ជាមួយគ្នា ឱ្យបានចំនួន២ដង ក្នុង​១​ឆ្នាំ​ គឺរៀងរាល់៦ខែម្ដង និងជួយសាងសង់ របងព័ទ្ធជុំវិញទីបញ្ជាការកងការពារព្រំដែន៦០១ ប្រវែង៣០៤ម៉ែត្រ កម្ពស់២,៥ម៉ែត្រ ស​រុ​បថវិកា ២៤.៣២៩ ដុល្លា។ សំណូមពរនេះ ត្រូវបាន ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវ ឧកញ៉ា សៀង ចាន់ហេង អគ្គនា​យិ​ការ ក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានឯកភាព យល់ព្រមតាមសំណូមពរ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តបានជួយឧបត្ថ​ម្ភ​ម៉ូ​​តូចំនួន ១០គ្រឿង ដល់កងការពារព្រំដែនសម្រាប់បំពេញបេសកកម្ម។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម អភិបាលខេត្ត  បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឈរជើងនៅតាមបន្ទាត់ព្រំដែន ត្រូ​វ​បន្តរក្សា និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន សំដៅធានាការគ្រប់គ្រង ការទប់ស្កាត់ការជួញដូរ ការរត់គេចពន្ធគ្រប់ប្រភេទ ព្រមទាំងការឆ្លងចេញ-ចូលព្រំដែនខុសច្បាប់ ។

ជាពិសេសត្រូវបន្តធ្វើការហាមឃាត់ចំពោះ ការសាងសង់សំណង់នានា ទាំងខាងភាគីកម្ពុជា និងភាគីខាងវៀតណាម នៅតំបន់ព្រំដែនដែលពុំទាន់មានការបោះបង្គោលខ័ណ្ឌសីមារួចរាល់ ត្រូវមានវិធានការទប់ស្កាត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង ដើម្បីមានវិធានការទាន់ពេលវេលា ត្រូវយកចិត្តទុកដាក់លើការប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍន៍។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានឧបត្ថម្ភដល់អ្នកចូលរួមចំនួន២៦៥នាក់ ក្នុង១នាក់ទទួលបានថវិកា១០ម៉ឺនរៀល និ​ងបានឧបត្ថម្ភដល់ កងការពារព្រំដែនលេខ៦០១ នូវអង្ករចំនួន១០០បាវ  មីចំនួន១០០កេស និងម៉ាស់ចំនួន ៥ ០០០ម៉ាស់។ ដោ​យឡែក ឯកឧត្តម ប៉ោ សេ​ង បានឧបត្ថម្ភថវិការចំនួន ៥,០០០ដុល្លារ លោកជំទាវឧកញ៉ា សៀង ចាន់ហេង បានឧបត្ថម្ភ ថវិ​កា​ ១០លានរៀល អាវយឺត និងក្រមារមួយចំនួនផងដែរ ដល់កងការពារព្រំដែនលេខ៦០១។