មន្រ្តីជំនាញ រកឃើញបន្លែ៤ប្រភេទដែលបងប្អូនអាជីវករខ្មែរនាំចូលពី​ប្រ​ទេសវៀតណាមតាមច្រកទ្វាអន្តរជាតិភ្នំដិន មានកាកសំណល់ថ្នាំសំ​លា​​ប់សត្វល្អិតនៅលើបន្លែ ដែលនាំ​ឱ្យ​ប៉ះពាល់ដល់សុខភាពអ្នកបរិ​ភោ​គ

ខេត្តតាកែវ ៖ នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០នេះ មន្រ្តីគយសហការជាមួយមន្ត្រីនៃសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រ​កួ​ត​ប្រជែង បង្ក្រាបការក្លែងបន្លំ (កាំកុងត្រូល) ខេត្តតាកែវ អមដោយរថយន្តពិសោធចល័តបានត្រួតពិនឹត្យរកសារធាតុគីមី  ដោ​យបានរកឃើញថា បន្លែ៤ប្រភេទរួមមានម្ទេស ក្រូចឆ្មាតូចៗ ស្ពៃ និងខ្ញី ដែលបងប្អូនអាជីវករខ្មែរនាំចូលពីប្រ​ទេ​ស​វៀ​ត​ណា​ម​​​​​​​​តាមច្រកទ្វាអន្តរជាតិភ្នំដិន មានកាកសំណល់ថ្នាំសំលាប់សត្វល្អិតនៅលើបន្លែ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ(កាំកុងត្រូល) ខេត្តតាកែ​វ​  បា​ន​ថ្លែ​ងឲ្យដឹងថា កាកសំណល់សម្លាប់សត្វល្អិតដែលមន្រ្តីគយសហការជាមួយមន្រ្តីរបស់លោក បានរកឃើញក្នុងបន្លែទាំង​៤​ប្រ​ភេ​​​​ទនោះក្នុងចំណោមបន្លែ២៣មុខដែលបានយកមកធ្វើពិសោធន៍ចំនួន៣ដងពីក្នុងរថយន្តពិសោធន៍ចល័តរបស់អគ្គនាយក​ដ្ឋា​នការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ។ បន្លែងទាំង៤ប្រភេទនេះមិនមានសុវត្ថិភាពនោះទេ​ ដូ​ច្នោះ​​​និងមិនអនុញ្ញាតឱ្យនាំចូលមកកាន់ទីផ្សារកម្ពុជា ជាបណ្តោះអាសន្ន។

លោក កែវ វ៉ាន្នី ប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវបានថ្លែងឲ្យដឹងថា បន្លែទាំង៤ប្រភេទដែលខាងមន្រ្តីកាំកុងត្រូលរកឃើ​ញ​មានកាកសំណល់ថ្នាំកសិកម្មនោះ និងត្រូវបញ្ជូនត្រលប់ទៅកាន់ប្រទេសវៀតណាមវិញ ហើយយើងនិងមិនអនុញ្ញាតិឲ្យបន្លែ​៤​ប្រ​​​ភេទនេះនាំចូលមកកម្ពុជាបន្តទៀតនោះទេ រហូតទាល់តែមានលិខឹតបញ្ជាក់ពីមន្រ្តីកសិកម្មវៀតណាមថាបន្លែទាំងអស់នេះមិ​ន​មានកាកសំណល់ថ្នាំកសិកម្មរួមទាំងការយកមកធ្វើពិសោធន៍ម្ដងទៀតពីមន្រ្តីជំនាញកាំកុងត្រូលរបស់កម្ពុជាយើង ដោយប​ញ្ជា​ក់​ថាមិនមានថ្នាំសំណល់កសិកម្មនៅលើបន្លែទាំងអស់នេះ ទើបយើងនឹងអនុញ្ញាតិឲ្យមានការនាំចូលវិញ។

លោកប្រធានសាខាគយនិងរដ្ឋាករខេត្តតាកែវបានមានប្រសាសន៍បន្តថា បន្ទាប់ពីយើងបញ្ជូនបន្លែទាំង៤ប្រភេទឲ្យត្រលប់ទៅប្រទេ​សវៀតណាមវិញ មន្រ្តីគយច្រកទ្វាព្រំដែនអន្តរជាតិភ្នំដិនក៍បានឲ្យបងប្អូនអាជីវករខ្មែរយើងធ្វើកិច្ចសន្យាបញ្ឈប់ការនាំប​ន្លែ​ងដែលមានសារធាតុគីមីចូលមកទីផ្សារកម្ពុជា ហើយយើងក៍បានបង្កើនការត្រួតពិនិត្យគុណភាពជាប្រចាំនៅតាមច្រកព្រំដែន ជាពិសេសត្រូវសហការជាមួយមន្រ្តីជំនាញកាំកុងត្រូលធ្វើការពិសោធន៍រកសារធាតុគីមីលើបន្លែផ្លែឈើដែលនាំចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋដែលទិញបន្លែផ្លែឈើទាំងអស់នេះទៅបរិភោគ។

គួបញ្ជាក់ថាកាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងមហាផ្ទៃបានបង្គាប់ឱ្យរដ្ឋបាលខេត្តជាប់ព្រំដែន និងអាជ្ញាធរមានសមត្ថកិច្ចប្រចាំនៅតាមច្រកព្រំដែនទាំងអស់ ត្រូវពង្រឹងការត្រួតពិនិត្យននិងទប់ស្កាត់ការនាំចូលបន្លែ និងផ្លែឈើមានជាតិគីមីពុ​ល និ​ង​​ទំនិញខូចគុណភាព ដោយសំដៅដល់ការការពារអាយុជីវិត និងសុខភាពពលរដ្ឋ៕