ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ប្រតិភូក្រសួងបរិស្ថានដឹកនាំអ្នកសារព័ត៌មានចុះស្វែងយល់ពីការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិខេត្តព្រះវិហារ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួង ដោយមានការចូលរួមពីរដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មាន១០ ស្ថាប័នទៅទស្សនា និងស្វែងយល់ពីការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ រយៈពេល២ថ្ងៃ គឺថ្ងៃទី៩ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

ដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងដើម្បីបង្ហាញពីសក្តានុពលនៃធនធានធម្មជាតិ និងសត្វព្រៃកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលបាននិងកំពុងរួមសហការគ្នាការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃនានា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម នេត្រ ភក្ត្រា។

ក្នុងអំឡុងនៃដំណើរទស្សនកិច្ចនេះ ប្រតិភូក្រសួងបរិស្ថាន នឹងជួបសំណេះសំណាលពិភាក្សាការងារលើការពង្រឹងការងារគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិជាមួយថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ ព្រមទាំងចុះពិនិត្យការងារល្បាតនិងនៅតាមដែនជម្រកសត្វព្រៃមួយចំនួន។

ជាមួយគ្នានេះ នឹងជួបជាមួយអង្គការដៃគូរបស់ក្រសួងបរិស្ថាន គឺអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) ដែលកំពុងធ្វើកិច្ចសហប្រតិបត្តិការចូលរួមក្នុងកិច្ចការងារអភិរក្សនៅក្នុងតំបន់ការពារធម្មជាតិចំនួន៤នៅលើដីនៃខេត្តព្រះវិហាររួមមាន៖ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃព្រះរការ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានផ្ទៃដីសរុបជាង៥៤ម៉ឺនហិកតា។ តំបន់ការពារធម្មជាតិទាំង បួនគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋមូលដ្ឋានជិត១ម៉ឺនគ្រួសារ និងមានសត្វព្រៃរងការគំរាមកំហែងជាសកលជាង៣០ប្រភេទដូចជា៖ ដំរីអាស៊ី និងសត្វស្លាបជិតផុតពូជបំផុត៥ប្រភេទ មាន៖ ត្មាតផេះ ត្មាតត្នោត ត្មាតភ្លើង ត្រយងយក្ស និងត្រយងចង្កំកស ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏នឹងចូលរួមបើកកម្មវិធីជំរឿនសត្វត្មាតប្រចាំឆ្នាំ២០២១ និងស្វែងយល់ពីកម្មវិធីស្រូវត្រយង ដែលអនុវត្តដោយអង្គការ WCS ព្រមទាំងតួនាទីសមិទ្ធផល ដែលអង្គការដៃគូបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅខេត្តព្រះវិហារ។

ឯកឧត្តម នេត្រ ភក្ត្រា ជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ច និងការចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ និងកិច្ចការដែលរាជរដ្ឋាភិបាល និងដៃគូបានធ្វើក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិនៅពេលនេះ នឹងរួមចំណែកបន្ថែមទៀតលើការយល់ដឹងរបស់ពលរដ្ឋអំពីសារប្រយោជន៍នៃធនធានធម្មជាតិ និងបានជ្រាបពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ តំបន់ការពារធម្មជាតិ ព្រមទាំងបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិកាន់តែខ្លាំង និងចូលរួមអភិរក្សឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *