ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ក្រសួងព័ត៌មាន គាំទ្រគម្រោង បង្កើតកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា

រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគាំទ្រចំពោះគម្រោងបង្កើតកម្មវិធី ប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ដើម្បីជាចំណីចក្ខុថ្មី សម្រាប់ទស្សនិកជនបានទស្សនានៅក្នុងបរិបទកូវីដ-១៩ នេះ។

 

នៅក្នុងឱកាសនៃកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាសប្តាហ៍នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានណែនាំដល់ឯកឧត្ដមអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ត្រូវបន្តយកចិត្តទុកដាក់ ទៅលើកម្មវិធីមួយចំនួនដូចជា ការរៀបចំកម្មវិធីក្រកួត រ៉ូបូតប្រចាំឆ្នាំ កម្មវិធី ស្នាដៃគំនូរជីវចលជាដើម ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានបង្ហាញនូវការគាំទ្រចំពោះគម្រោងបង្កើតកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា នៅពេលខាងមុខ ដើម្បីអាចឱ្យប្រជាពលរដ្ឋបានទស្សនាបន្ថែម លើកម្មវិធីដែលមានស្រាប់។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា គម្រោងបង្កើតកម្មវិធី ប្រដាល់នៅទូរទស្សន៍ជាតិកម្ពុជាដែលលើកឡើងដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន គឺដើម្បីបម្រើដល់ការទស្សនារបស់ប្រជាពលរដ្ឋដែលភាគច្រើននិយម លើវិស័យប្រដាល់គុនខ្មែរ ហើយម្យ៉ាងទៀតក្នុងគោលដៅជួយលើកកម្ពស់វិស័យប្រដាល់នេះ ឱ្យកាន់តែរីកចម្រើនផងដែរ។

 « ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនៅការគាំទ្រជារួមទៅដល់ទូរទស្សន៍ជាតិកម្ពុជា នៅក្នុងការបង្កើតកម្មវិធី ប្រដាល់របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ដែលគ្រោងនឹងផ្សព្វផ្សាយនៅពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យយកចិត្តទុកដាក់ នៅក្នុងការពិនិត្យទៅលើកម្មវិធី ដ៏សំខាន់ពីរគឺកម្មវិធីការប្រកួតរ៉ូបូត កម្មវិធីប្រកួតប្រចាំឆ្នាំ និងកម្មវិធីប្រកួតស្នាដៃគំនូរជីវចល ដែលឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យយកចិត្តទុកដាក់នៅក្នុងការពិនិត្យមើលលើលទ្ធភាពនៅក្នុងការរៀបចំកម្មវិធីនេះឡើងវិញនៅក្នុងឆ្នាំ២០២១នេះហើយធ្វើយ៉ាងណាពង្រឹងឱ្យបាននូវគុណភាពនូវការផលិតជាស្នាដៃនៃការប្រកួតប្រជែងកម្មវិធីទាំងពីរហ្នឹង»។

សូមបញ្ជាក់ថា ទូរទស្សន៍ជាតិកម្ពុជា មានកម្មវីធីផ្សាយជាច្រើន ដូចជា កម្មវិធីក្រកួតរ៉ូបូតប្រចាំឆ្នាំ កម្មវិធីស្នាដៃគំនូរជីវចល កម្មវិធី បង្រៀនទទក២ កម្មវិធីព័ត៌មាន និងកម្មវិធី បទយកការណ៍ជាដើម ដើម្បីបម្រើដល់ការទស្សនារបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសនិងនៅក្រៅប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *