ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

អង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានអនុវត្តគម្រោងជីកស្តារត្រពាំងចំនួន២០នៅក្នុងដែន ជម្រកសត្វព្រៃសៀមប៉ាង

អង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានអនុវត្តគម្រោងជីកស្តារត្រពាំងចំនួន​២​០នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដើម្បីធានាការផ្គត់ផ្គង់ទឹកដល់ជីវ:ចម្រុះនៅក្នុងតំបន់នោះ ។

លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងស្តារត្រពាំង នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងស្ថិតក្នុងខេត្តស្ទឹងត្រែងនេះ គឺមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រភពទឹក និងទីជម្រកសម្រាប់សត្វព្រៃនិងសត្វចិញ្ចឹមក្នុងស្រុក និងបង្កើនប្រភពចំណីអាហារសម្រាប់សត្វ និងមនុស្សផងដែរ ។ លោកបានបន្តថា គម្រោងនេះមិនត្រឹមតែបានប្រភពទឹក និងចំណីអាហារប៉ុណ្ណោះទេ វាក៏បានជួយបង្កើនប្រាក់ចំណូលរបស់សហគមន៍តាមរយ:ការចូលរួមក្នុងសកម្មភាពជីកស្តារនិងលើកកម្ពស់សុឆន្ទ:របស់ប្រជាជនមូលដ្ឋានក្នុងការអភិរក្សធនធានធម្មជាតិ ។

 « សហគមន៍គឺទី១ គាត់បានចូលរួមក្នុងការជីកត្រពាំងនេះ គាត់បានថវិកាពីការជីកត្រពាំងហ្នឹង យើងបានផ្តល់ថវិកាទៅតាមកម្លាំងដែលគាត់បានចូលរួមជីកហ្នឹង ចឹងគាត់បានចំណូលមួយចំនួនធំផងដែរ ទន្ទឹមនឹងនេះរដូវប្រាំងចូលមកដល់ ត្រពាំងនោះក៏មិនមែនប្រើដោយសារមនុស្សទេ ចឹងសហគមន៍ពួកគាត់អាចយកទៅប្រើប្រាស់បានដែរនៅពេលដែលគាត់ទៅក្នុងព្រៃគាត់អាចប្រើប្រាស់ទឹកហ្នឹងបានដែរ ឫក៏ពួកគាត់អាចបង់សំណាញ់តាមលក្ខណ:បែបធម្មជាតិមិនខុសច្បាប់ក៏អាចបង់ពីត្រពាំងហ្នឹងបានដែរ នេះជាផលប្រយោជន៍ យើងក៏មានការជំរុញឱ្យគាត់មានការចូលរួមថែរក្សាត្រពាំងទាំងនោះ ដោយមិនពាក់ព័ន្ធទៅនឹងការបំពុល ការដាក់អន្ទាក់ ឫក៏ទន្ទ្រានយកដីមាត់ត្រពាំងទៅធ្វើស្រែចម្ការជាដើម » ។
លោកបានបន្ថែមថា ត្រពាំងចំនួន៥ ត្រូវបានស្តារដោយគ្រឿងចក្រ និង១៥ទៀតត្រូវបានជីកស្តារដោយប្រជាពលរដ្ឋចំនួន២៧៨នាក់ មកពី៦ភូមិដែលនៅជុំវិញដែនជម្រកសត្វព្រៃ ហើយគម្រោងនេះបានទទួលជំនួយឧត្តម្ភពី Critical Ecosystem Partnership Fund (CEPF) និង Mohamed Bin Zayed Species Conservation Fund (MBZ) ដែលមានទឹកប្រាក់សរុបប្រមាណ ៥ ម៉ឺនដុល្លារ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៦មកដល់បច្ចុប្បន្ន អង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានសហការជាមួយដៃគូធ្វើការជីកស្តារត្រពាំងសរុបបានចំនួន ៤៦ត្រពាំងហើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *