ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត កំណត់ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ជាតំបន់លឿង

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ពិនិត្យលើការបន្តដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រក្រុងព្រះ សីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុជាតំបន់លឿងបន្តទៀត ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក មន្ទីរពាក់ព័ន្ធ ស្នងការខេត្ត អាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុមានប្រសាសន៍ថា ថ្ងៃនេះយើងប្រជុំក្នុងក្របខ័ណ្ឌគណ:បញ្ហាការឯកភាពខេត្ត និងដាក់ចេញវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ យើងមិនអាចបើកចំហទាំងស្រុងបានទេ តែបច្ចុប្បន្នយើងនៅមានទីតាំងក្រហម (ផ្ទះ មានវិជ្ជមានកូវីដ)។ ដោយសារការខិតខំរបស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីប្រជាពលរដ្ឋក្នុងការបិទខ្ទប់កន្លងមកទទួលបានលទ្ធផលល្អប្រសើរបង្ហាញថា វិធានការបិទខ្ទប់របស់យើងត្រឹមត្រូវ និងមានការចូលរួមពីប្រជាពលរដ្ឋបានពេញលេញផងដែរ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា តំបន់ទំនប់រលកប្រជាពលរដ្ឋក្រុមទី១៨ មិនបានចូលរួមអនុវត្តតាមវិធានសុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ដែលបណ្តាលឱ្យមានការឆ្លងរាលដាលឡើងវិញ ទន្ទឹមនោះក្រុងព្រះសីហនុ និងស្រុកព្រៃនប់ បន្តដាក់ជាតំបន់លឿងបន្តទៀត ដូច្នេះយើងត្រូវបង្កើនសកម្មភាពការផាកពិន័យ និងពិន័យចំពោះអ្នកមិនចូលរួមអនុវត្តវិធានការសុខាភិបាល ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុវត្តយុទ្ធសាស្ត្រផ្ការីកនៃការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសារតែរាជធានីភ្នំពេញជាចំណុចកណ្តាល ដែលមានប្រជាពលរដ្ឋឆ្លងកាត់មកពីបណ្តាខេត្តនានា និងក៏ជាចំណុចមានហានិភ័យ ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានរៀបចំការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល បន្ទាប់មកខេត្តព្រះសីហនុ ក៏ជាខេត្តអទិភាពក្នុងការទទួលបានវ៉ាក់សាំងបន្ទាប់ពីរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដូច្នេះយើងត្រូវត្រៀមរៀបចំដូចជា

-ទីតាំងចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងការរក្សាគម្លាតសុវត្ថិភាព

-អាជ្ញាធរក្រុង ស្រុក ត្រូវស្រង់ឈ្នោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩។

-អាជ្ញាធរមូលដ្ឋានត្រូវរក្សាសន្តិសុខ និងគម្លាតសុវត្ថិភាព។

-ក្រុង ស្រុក ត្រៀមកន្លែងស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ។ មន្ទីរ អង្គភាពត្រូវចូលរួមសហការឱ្យដំណើរការចាក់វ៉ាក់សាំងនាពេលខាងមុខឱ្យបានលឿនធានាបានបរិមាណកាន់តែច្រើន ចៀសវាងការប្រជ្រៀតគ្នាបង្កហានិភ័យនៃការឆ្លងកូវីដ-១៩ ៕

Leave a Reply

Your email address will not be published. Required fields are marked *