ព័ត៌មានជាតិ ដោយ លោកគង់ សុខហេង 085 874 649

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស» ក្រសួងបរិស្ថាន បានប្រកាសពីការថតតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ នូវសត្វកម្រជាច្រើនប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់

រាជធានីភ្នំពេញ ៖ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស» នៅថ្ងៃទី៥ ខែមិថុនានេះ ក្រសួងបរិស្ថានបាន ប្រកាសពីការថតតាមរយៈ ម៉ាស៊ីនថត ស្វ័យប្រវត្តិនូវសត្វកម្រជាច្រើនប្រភេទ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

បើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួង បរិស្ថានឱ្យដឹងថា ប្រភេទសត្វកម្រទាំងនោះរួមមានដំរីព្រៃអាស៊ី កែះ ខ្លាពពក ខ្លាឃ្មុំធំ ខ្ទីង និងប្រើសជាដើមដែល បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ការចុះប្រតិបត្តិការរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន ប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាព និងវិដេអូសត្វព្រៃនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្រ្តខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺបន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ ក្រៅពីសត្វទាំងនេះ តំបន់នេះក៏មាន ប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែងផ្សេងទៀតដូចជាទន្សោង ស្វាព្រាហ្មណ៍ ទោចម្គុដ ខ្លារខិន ខ្លាលឿងមាស ជ្រូកពោន កំប្រុកធំ ក្ងោក កេងកងតូច សេកសោមផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង និងមានដោយកម្រមួយចំនួន ដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបាន ភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ក្រសួងបរិស្ថានសូមថ្លែងអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប មន្ទីរបរិស្ថាន មន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន នៃ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដោយ មានការសម្របសម្រួលពីក្រុមការងារអនុសមាសភាគ ១.២ នៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលបាន ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ប្រមូលទិន្នន័យដ៏មានសារសំខាននេះ។

ឯកឧត្តម មានប្រសាសន៍ថា ការ ប្រមូលបានទិន្នន័យនៃ ប្រភេទសត្វព្រៃកម្រ នៅក្នុងដែនជម្រក សត្វព្រៃនៅពេលនេះ គឺជាដំណឹងដ៏ល្អបំផុត មួយថ្ងៃមុនពេលកម្ពុជានិងពិ ភពលោកទាំងមូលត្រៀមប្រារព្ធទិវាបរិស្ថានដែលក្នុងឆ្នាំនេះផ្តោតសំខាន់លើការស្តារឡើងវិញនៃប្រព័ន្ធអេកូឡូស៊ី ហើយកម្ពុជាបានផ្តោតជាសំខាន់លើប្រធានបទ«ជីវៈចម្រុះនិងសុខភាពមនុស្ស»។ ក្នុងការ សិក្សាស្រាវជ្រាវនេះ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថានបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៨៥ នៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បី ១) បង្កើនចំណេះដឹងពីវិធីសាស្រ្តសិក្សា និងប្រមូលទិន្នន័យជីវៈចម្រុះ ២) ស្វែងរកវត្តមាននិងអវត្តមាន ប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងគំរាមកំហែង ៣)វាយតម្លៃស្ថានភាព និងរបាយសត្វព្រៃសំខាន់ៗ។

ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់ពីវិធីសាស្ត្រនៃការ ស្រាវជ្រាវនេះថា ការដាក់ម៉ាស៊ីនថតដោយស្វ័យប្រវត្តិនៅក្នុងការកំណត់វត្តមានប្រភេទសត្វ ដែលមានដោយកម្រ ជិតផុតពូជ ងាយរងគ្រោះថ្នាក់ និងគំរាមកំហែងនេះដោយរៀបចំ ជាប្រព័ន្ធដែលមានចម្ងាយពីម៉ាស៊ីនថត ដោយស្វ័យប្រវត្តិមួយទៅមួយទៀត ២ គីឡូម៉ែត្រ ហើយការជ្រើសរើសទីតាំងសំខាន់ៗសម្រាប់ដាក់ម៉ាស៊ីថតស្វ័យប្រវត្តិ នៅតំបន់ដែលសំខាន់ៗសម្រាប់សត្វព្រៃ រួមមាន៖ តំបន់ដីច្រាប តំបន់ទឹកច្រប់ តាមមាត់ត្រពាំង បឹង បួរ និងគន្លងសត្វព្រៃមួយចំនួនទៀត។ ម៉ាស៊ីថតស្វ័យប្រវត្តិនឹងត្រូវរក្សាក្នុងព្រៃរយៈពេល ៦ ខែ ក្នុងអំឡុងខែប្រាំង (៣ខែ) និងអំឡុងខែវស្សា (៣ខែ) ហើយក្រុមការងារនឹងចុះទៅផ្លាស់ប្តូរថ្ម និងយកអង្គចងចាំ (memory card) ជារៀងរាល់ ២ខែម្តង។

សូមបញ្ជាក់ថាគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ហើយគម្រោងនេះបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ គម្រោងនេះចែកជា ៥ សមាសភាគ៖ ១) ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ២) ពង្រឹងឱកាសសម្រាប់ អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងសង្វាក់តម្លៃអនុផល ព្រៃឈើ ៣) ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ ៤) ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង ៥) ការឆ្លើយតបទៅនឹងគ្រោះអាសន្ន។

ការណ៍ដែលជ្រើសរើសដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលត្រូវបង្កើតដោយព្រះរាជក្រឹត្យចុះថ្ងៃទី0១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ភាគនិរតីនៃប្រទេសកម្ពុជាដើម្បីដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា ឱ្យដឹងថាដោយសារតែតំបន់ការពារធម្មជាតិ នេះគ្របដណ្តប់ដោយប្រភេទព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃល្បោះ លាយឡំដោយព្រៃឫស្សី និងវាលស្មៅ។ លើសពីនេះទៀត ទីតាំងភូមិសាស្រ្តក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់មានស្ទឹង និងអូរជាប្រភពទឹក ដែលជាទីជម្រកប្រសើរសម្រាប់សត្វព្រៃ និងសម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវឱ្យមានការគ្រប់គ្រង និងអភិរក្សស្របតាមគោលការណ៍ណែនាំ និងបច្ចេកទេស។ ជាមួយនឹង ដំណឹងដ៏ល្អនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្ក ហានិភ័យខ្ពស់ដល់សុខភាព មនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់ វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *